ក្នុងកិច្ចប្រជុំណែនាំការងារងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០២២នេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា«រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ គឺមិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល មិនមែនតែខេត្តព្រះសីហនុនោះទេ»។
ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទទទួលបានជោគជ័យ សម្ដេចក្រឡាហោម ស ខេង បានណែនាំអង្គប្រជុំដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត ឱ្យប្រកាន់ជំហរឯកភាពគ្នាថា «ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ»។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីគិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលសំណើរ សំណូមពរ និងបណ្ដឹងសរុបចំនួន២៨៩ករណី ក្នុងនោះខេត្តព្រះសីហនុមាន២១២ករណី។ ក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ និងកត់សម្គាល់ថាភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។
សម្ដេចក្រឡាហោម បានបន្ថែមថា«ការបង្ក្រាបល្បែងអនឡាញខុសច្បាប់នេះ ពិតជាមានបញ្ហាប្រឈមមែន ដោយសារមានអ្នកនៅពីក្រោយខ្នងធ្វើជាខ្នងបង្អែក និងជនល្មើសមានវិធីសាស្រ្តច្រើន «ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងត្រូវយល់ឱ្យបានត្រឹមត្រូវថាអំពើនេះជាអំពើល្មើសច្បាប់ ហើយបម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ប្រជាជនឡើយ»។
សម្ដេចមានប្រសាសន៍ទៀតថា«បញ្ហាប្រឈមចៀសមិនផុតទេ ប៉ុន្តែបើយើងមិនដោះស្រាយទេនោះ បញ្ហាប្រឈមនេះវានឹងរីកកាន់តែធំ ដែលយើងនឹងពិបាកស្មាន។ ពិតមែនថានេះជាបញ្ហាប្រឈម តែវាក៏ជាឱកាសសម្រាប់យើងបញ្ចេញស្នាដៃ បង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែរ។ កាលណាយើងរារែក មិនច្បាស់លាស់ មានន័យថាយើងគ្មានការប្ដេជ្ញាចិត្ត និងមិនអាចបញ្ចេញស្នាដៃទទួលខុសត្រូវនោះទេ»។
សម្ដេចក៏ចាត់ទុកថាជាវិញ្ញសារសំខាន់សម្រាប់វាស់វែងឧត្តមគិតិ ឆន្ទៈ សមត្ថភាពរបស់រដ្ឋបាលរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលនៃគណៈអភិបាលរាជធានីខេត្តដែរ សម្ដេចបន្ថែមថា«សារពិសេសរបស់សម្ដេចតេជោគឺលោកបានបញ្ជាក់ច្បាស់ហើយ»។
សម្ដេចបានបន្ថែមថា«យើងអាចផ្ដល់ការវាយតម្លៃ និងសន្និដ្ឋានថាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវរសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម»។
សម្ដេចបន្តសង្កត់ធ្ងន់ទៀតថា«យើងត្រូវយល់ឱ្យបានច្បាស់ថាការបណ្ដែតបណ្ដោយឱ្យល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិតនេះមិនអាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ អាខុសច្បាប់ហ្នឹងមានពន្ធ មានចំណូលស្អីចូលរដ្ឋដូចគេវិនិយោគត្រឹមត្រូវ? វាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគច្រើនថែមទៀតផង។ ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»៕