ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
គិតចាប់ពីម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤ ៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០ភាគរយ បើធៀបនឹងតួលេខពីម្សិលមិញ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមក្រសួងសាធារណការ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។ យោងតាមក្រសួងសាធារណការបានឱ្យដឹងថា ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។
សូមជម្រាបជូនផងដែរថា ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការឈ្វេងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕