នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក រស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកពីកង្វល់របស់ខ្លួនដូចជា ការសុំស្ថាបនាផ្លូវ លូ សុំឱ្យមានការពន្យល់ពីការបង់ថ្លៃសំរាមតាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំឱ្យ គ្រូកាត់បន្ថយការយកមុខវិជ្ជាល្អៗទៅបង្រៀនគួរ ដោយមិនយកមកបង្រៀននៅក្នុងកម្មវិធី សិក្សានៅក្នុងសាលា និងចំណុចពិសេសនោះគឺ សុំឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បង្ក្រាបល្បែងស៊ីសង និងលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យ អស់។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ ទាំងអស់ រាប់ទាំងមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូច ជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ។
ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះ រួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បី ឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពល រដ្ឋជានិច្ច។
លោក ហួត ហៃ អភិបាលរងរាជធានី បានមានប្រសាសន៍ថា សម្រាប់ការចូលរួមមតិ យោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៩នាក់ ស្មើនឹង៣២ បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន ៧៦បញ្ហា។
លោកបន្តថា រាល់បញ្ហាដែលបានលើកឡើងរបស់បងប្អូនអាជ្ញាធររបស់យើង ពិតជា បានដឹង និងមានវិធានការមួយចំនួនរួចហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងធ្វើការ ដោយស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាម ហើយអ្វី ដែលដោះស្រាយមិនបានភ្លាមនោះទេ យើងនឹងឱ្យសុំគោលការណ៍ដោះស្រាយ នៅពេលក្រោយទៀត។
លោកបន្ដទៀតថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានី ភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ៕