នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
ឆ្លៀតនាឱកាសនោះ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តជាចំណុចគន្លឹះមួយចំនួន៖
១- សម្តេចសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។
២- សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។
៣- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។
៤- អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់។
សូមជម្រាបជូនថា មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុម ប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចល នាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ១០ប្រទេសទៀត៕