ព្រះសីហនុ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២
នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផា ណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខ តំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប ក្នុងនោះ ផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូប ដោយមានការចូលរួមពីលោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
តាមប្រកាសលេខ ៥១៦៩ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន៣រូប ចូលកាន់មុខតំណែង ជាអភិបាល រង នៃគណៈអភិបាលស្រុកព្រៃនប់រួមមាន៖ ១.សម្រេចតែងតាំងលោក ព្រំ ប៊ុន្នី តំឡើង ឋានន្តរស័ក្តិ ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិ នាយក្រមការថ្នាក់ លេខ៦ នៃក្រមខ័ណ្ឌមន្រ្តីក្រមការ ក្រសួងមហាផ្ទៃ និងតែងតាំងជាអភិបាលរង នៃ គណៈអភិបាលស្រុកព្រៃនប់។ ២.តែងតាំង លោក សល់ឡេះ យូសុះ ឋានន្តរស័ក្តិគ្រូ បង្រៀនកម្រិតឧត្តម ថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។ ៣.ផ្ទេរភារកិច្ចលោក គង់ សោភា ឋានន្តរស័ក្តិថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ជាគណៈអភិបាលរង នៃគណៈអភិបាល ស្រុកព្រៃនប់។
លោក ព្រំ ប៊ុន្នី អភិបាលរងស្រុកព្រៃនប់ ដែលទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញា ចិត្តដូចតទៅ៖ ១- គោរពអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គិតយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហា ផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ។ ២- សាមគ្គីផ្ទៃក្នុងសហការជាមួយក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ និងប្រកបដោយតម្លាភាព។ ៣- ខិតខំប្រឹងប្រែងបម្រើដោយស្មោះអស់ពីកម្លាំងកាយ ចិត្តក្នុងការបំពេញការងារជូនអង្គភាពឱ្យ ទទួលបានលទ្ធផលផ្លែផ្កា។ ៤- ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញ ស្រុកឱ្យបានល្អ។ ៥-ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ក្នុងការបម្រើ ប្រជាពលរដ្ឋឱ្យ អស់ពីកម្លាំង កាយ-ចិត្ត និងកម្លាំងប្រាជ្ញា-ស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវ ភាពរស់ នៅឱ្យមានភាពល្អប្រសើរ។ ៦- អនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានជម្រាបជូនអំពីស្ថានភាព ភូមិសាស្ត្រក្នុងស្រុកព្រៃនប់មាន ១៥ឃុំ ស្មើនឹង ៦៥ភូមិ មានជនជាតិខ្មែរ ខ្មែឥស្លាម និងជនជាតិដើមភាគតិច (ស្អូច ៤១គួសារ ស្មើងនឹង១៣៤នាក់), ស្រុកមាន កោះចំនួន៧ មានដូចជា កោះសំពោច កោះថ្មី កោះស្រមោច កោះតាគៀវ កោះឬស្សី កោះប្រើស និងកោះក្របី, មានតំបន់សេដ្ឋកិច្ចពិសេសពីរ គឺតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង និងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង នៅឃុំជើងគោ ស្រុកព្រៃនប់។ ក្រៅពីតំបន់សេដ្ឋកិច្ចទាំងពីរ ស្រុកក៏មានរោងចក្រ សហគ្រាស និងកសិដ្ឋានតូច ធំនៅតាមបណ្តាឃុំមួយចំនួនដែលកំពុងដំណើការស្រូបយកកម្លាំងពលកម្មប្រមាណ ២៥ ០០០នាក់។ ការដាក់ចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទរួមមាន ឆ្នោតឡូតូ កន្ទុយលេខ ល្បែងជល់មាន់ ល្បែងបាញ់ត្រី ។ល។ បានចំនួន ២៨៤ទីតាំង អប់រំណែនាំមនុស្ស ៤៩២នាក់ ស្រី ២៤៨នាក់។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ លោកអភិបាលរងស្រុកទាំង៣ ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មាន សមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាន នាពេលកន្លងមក សំដៅជួយ សម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូល ដ្ឋានស្របតាមរគោល នយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្ត បានសាទរលោកអភិបាលរងស្រុកទាំង៣រូប ត្រូវបានថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងស្រុក នាពេលនេះ។ រាជរដ្ឋាភិបាលបង្កើនគណៈអភិបាល នាយករដ្ឋ បាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក និងនាយករដ្ឋបាលក្រុង ស្រុក ដែលជាតម្រូវការចាំបាច់ នៅមូលដ្ឋាន និងបានថ្លែងការកោតសរសើរការបេ្តជ្ញាចិត្តរបស់លោកអភិបាលរងស្រុកថ្មី ស្របតាមទំហំការងារនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល។
ចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក ត្រូវបំពេញការងារមួយអាណត្តិ ៤ឆ្នាំ បើអស់លោកបំពេញការងារបានល្អ និងបន្ត៤ឆ្នាំ ថែមទៀត ក៏ប៉ុន្តែប្រសិនបើអស់លោក លោកស្រីបំពេញការងារបានពីរអាណត្តិស្មើនឹង ៨ឆ្នាំ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ ម្យ៉ាងទៀតស្រុកព្រៃនប់មានជនជាតិខ្មែរឥស្លាមច្រើន ទើបរដ្ឋបាល ខេត្ត ក៏ដូចក្រសួងមហាផ្ទៃតម្រូវឱ្យមានខ្មែឥស្លាមក្នុងជួរគណៈអភិបាលខេត្ត ក្រុង ស្រុក ដើម្បីរួមគ្នាសម្រេចចិត្តបម្រើផលប្រយោជនជាតិ និងផ្តល់ធាតុចូលនៃការគិតពិចារណាគ្រប់ ជ្រុងជ្រោយ នេះជាការសម្រេចចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់ គ្រងសុខដុមរមនីយកម្មដឹកនាំទទូលបានផ្លែផ្កា ប្រកបដោយសមធម៌។ សុំឱ្យ គណៈអភិបាល ស្រុកត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ស្រុកព្រៃនប់ មានការងារច្រើនត្រូវដោះស្រាយជាងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ។ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេស លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ក្នុងភូមិសាស្ត្រ កុំឱ្យកើតមានឡើងសាជាថ្មី ព្រោះល្បែងស៊ីសង វាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្ករអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានជំរុញការអភិវឌ្ឍឃុំ សង្កាត់ ក៏សាងសមិទ្ធផលថ្មីៗ នៅក្នុងមូលដ្ឋាន ពិសេសការផ្តល់សេវារដ្ឋបាលសាធាររណៈនៅតាមឃុំនីមួយៗ ដែលរដ្ឋបាល ខេត្តបានដាក់ឱ្យដំណើការកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កន្លងមក ទន្ទឹមនោះយើងក៏ មានការប្រឡងប្រណាំងការបម្រើសេវាសាធារណៈនៅតាមឃុំ សង្កាត់ទាំង២៩ ក្នុង ខេត្តព្រះសីហនុ ដើម្បីឱ្យការប្រឡងប្រណាំងឃុំ សង្កាត់ទទួលបានលទ្ធផលល្អនោះ គឺមន្ត្រី របស់យើងចុះទៅបម្រើសេវានៅតាមខ្នងផ្ទះប្រជាពលរដ្ឋដូចជា ការជួយសម្រួលសំបុត្រ មរណភាព សំបុត្រកំណើត និងសំបុត្រអាពាហពិពាហ៍ជាដើម៕