ថ្ងៃទី
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយសំណើ សំណូមពរ ជាច្រើន ពិសេសឱ្យជួយកសាងហេដ្ឋារចនា សម្ព័ន្ធនៅក្នុងមូលដ្ឋានពួកគាត់។
វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីនិងឯកឧត្តមរស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។
ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើនដូចជា សុំការស្ថាបនាផ្លូវ លូ សុំឱ្យមានការពន្យល់ពីការបង់ថ្លៃសំរាមតាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយគ្រូបង្រៀនយកមុខវិជ្ជាល្អៗទៅបង្រៀនគួរមិនយកមកបង្រៀននៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺ ការសូមឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេង ល្បែងស៊ីសង បៀកន្ទុយលេខដដែល ។ ដូច្នេះពួកគាត់ស្នើសូមឱ្យលុបបំបាត់ឱ្យអស់។ ចំណែកគ្រឿងញៀនក៏ដូច្នេះដែរ សូមលុបបំបាត់ឱ្យបានពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមម៉ប់ សារិន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
លោកហួត ហៃ អភិបាលរងរាជធានី បានមានប្រសាសន៍ថា៖ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៩នាក់ស្មើនឹង៣២បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន៧៦បញ្ហា។ លោកបន្តថា រាល់បញ្ហាដែលបានលើកឡើងរបស់បងប្អូនអាជ្ញាធររបស់យើងពិតជាបានដឹងនិងមានវិធានការមួយចំនួនរួចហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងធ្វើការដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាមយើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។ លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕