ភ្នំពេញ ៖ ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារ ជាតិ បានឱ្យដឹងថា រយៈពេល ៥ឆ្នាំកន្លងទៅនេះ កងកម្លាំងដែលទៅបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ មានចំនួន៣៣១២នាក់ ក្នុងនោះបានពលីជីវិតចំនួន១០នាក់ នៅប្រទេសម៉ាលីនិងអាហ្វ្រិកកណ្ដាល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការពារជាតិ” នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឈុំ សុជាតិ បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៦ដល់៩ខែដើមឆ្នាំ ២០២២នេះ កម្ពុជាបានបញ្ជូនកងកម្លាំងទៅបំពេញ បេសកកម្ម រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជា ជាតិសរុបចំនួន៨ ៣០២នាក់ ក្នុងនោះនារី៥៨០នាក់ ដែលមានចំនួន៩ប្រទេស រួមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ឆាដ សាយព្រឺស ស៊ីរីនិងយេមែន លើជំនាញបោសសម្អាត គ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយ ទាហានសេនាធិការនិងនាយ ទាហានសង្កេតការណ៍។
ឯកឧត្តម បានបន្តថា រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៨ដល់៩ខែដើម ឆ្នាំ ២០២២ កងកម្លាំងបញ្ជូនទៅបំពេញបេសកកម្ម បានពលីជីវិតចំនួន១០នាក់ ខណៈដែលកងកម្លាំងបានបញ្ជូនទៅចំនួន៣៣១២នាក់ ក្នុងនារី ៣៥០នាក់ នៅ៥ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលីនិងអាហ្វ្រិកកណ្ដាល។
« អ្នកពលីរយៈពេល ៥ឆ្នាំ មានចំនួន១០នាក់ អាហ្វ្រិកកណ្ដាលចំនួន៥នាក់និងនៅប្រទេសម៉ាលីចំនួន៥នាក់។ នៅអាហ្វ្រិកកណ្ដាល ១នាក់ដោយគ្រុនចាញ់ និង៤នាក់ដោយសារពួនស្ទាក់ នៅប្រទេសម៉ាលីដោយសារព្យុះ១នាក់ កូវីដ-១៩ ១នាក់ និងផ្សេងៗទៀត៣នាក់និង
អ្នករបួសមាន១៤នាក់ »។
ឯកឧត្តម ឈុំ សុជាតិ បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងកង យោធពលខេមរភូមិន្ទដែល កំពុងបំពេញបេសកកម្មមានចំនួន៨០១នាក់ ក្នុងនោះនារី ១១៨នាក់ នៅចំនួន៥ ប្រទេស រួមមាន ស៊ូដង់ខាង ត្បូង ស៊ូដង់ លីបង់ ម៉ាលីនិងអាហ្វ្រិកកណ្ដាល ដែលបានបំពេញការងារដោយមិនខ្លាចនឿយហត់ក្រោមអាកាសធាតុក្តៅហួតហែង រហូតដល់៥៣ អង្សានៅទ្វីបអាហ្វ្រិកនិងត្រជាក់ដល់ក្រោមសូន្យអង្សានៅមជ្ឈឹមបូព៌ា ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា តំបន់ដែលត្រូវបំពេញភារ កិច្ច គឺជាតំបន់ដែលគ្មានហេ ដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជាតំបន់ភ្នំ ខ្ពង់រាប ព្រមទាំងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខដូចជា ការវាយ ប្រហារអត្តឃាតពីក្រុមភេរវករ ព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទុះ កែច្នៃ ជាដើម។
សូមបញ្ជាក់ថា ផ្អែកតាមការ វាយតម្លៃរបស់អង្គការសហប្រ ជាជាតិកាលពីចុងឆ្នាំ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨/១២២នៃប្រទេសបរិច្ចាគកម្លាំង ការបញ្ជូនកម្លាំងនារីទទួលបានលំដាប់លេខ១៣ /១២២ ប្រទេសបរិច្ចាគកម្លាំង និងនៅក្នុងសហគមន៍អាស៊ានទទួលបានលំដាប់លេខ៣ ការបញ្ជូនកម្លាំងនារីទទួល បានលំដាប់លេខ២៕