នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាប័នរដ្ឋ រដ្ឋបាលស្រុក ក្រុងទាំង១២ក្នុងខេត្ត វិស័យឯកជន អង្គការដៃគូរកង កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស សរុបជាង ៥០០នាក់ បានចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅសួនច្បារ ក្នុងក្រុងសៀមរាប។ យុទ្ធនាការ“អន្ទាក់សូន្យ”នេះ ក្នុងគោលបំណងដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ និងរួមគ្នាអភិរក្ស ថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា៖ ចំពោះការគ្រប់គ្រង ថែរក្សា អភិរក្សធនធានធនធម្មជាតិ ជីវ:ចម្រុះ និងការបង្ការ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថាន ដែលមានមន្ត្រី និងមន្ត្រីឧទ្យានុរក្ស បានអនុវត្តការងារជាប្រចាំ និងមានកិច្ចសហការល្អជាមួយគណ:បញ្ជាការឯកភាពខេត្ត អយ្យការអមសាលាដំបូងខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ ប្រជាសហគមន៍ និងអង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេស ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។ ម្យ៉ាងវិញទៀត អាជ្ញាធរមូលដ្ឋាន បានដើរតួយ៉ាងសំខាន់ក្នុងការជួយអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពីសារសំខាន់ធនធានធម្មជាតិ ជីវ:ចម្រុះ និងតម្លៃនៃការអភិរក្សសត្វព្រៃ។ តាមការអង្កេតសិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្មណ៍។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ទន្សោង កែះ ទោច ខ្លាឃ្មុំ ពង្រូល ប្រើស អណ្តើក និងប្រភេទសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លសាប បាននឹងកំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជក្នុងបញ្ចីក្រហមIUCN។
ឯកឧត្តម ប៉ែន សេរី សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ ការចាប់ព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃគឺជាការគំរាមកំហែងដល់តុល្យភាពនៃធម្មជាតិ។ការសម្លាប់សត្វព្រៃយកសាច់មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរ ព្រោះសាច់សត្វព្រៃមានវីរុស(មេរោគ)ជាច្រើនដែលនាំឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់។
ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តសៀមរាបនេះគឺដើម្បីផ្លាស់ប្តូរនូវឥរិយាបទជារួមរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ដើម្បីឱ្យពួកគាត់បោះបង់ចោលនូវគំនិតថាហូបសាច់សត្វព្រៃនាំឱ្យមានសុខភាពល្អឬប្រើប្រាស់សំណាកឈាម និងឆ្អឹងដើម្បីព្យាបាលជំងឺ។ លើសពីនេះ ការរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាបនេះ ព្រោះថាខេត្តសៀមរាបជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ជាតិ តាមរយ:យុទ្ធនាការនេះគឺចង់បង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានដឹងថាខេត្តបានមានវិធានការក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងជាសារមួយប្រាប់ពួកគាត់ថាយើងបានរួមគ្នាក្នុងការផ្តល់សុវត្ថិភាពទៅឱ្យសត្វព្រៃ បញ្ឈប់ឱ្យមានការដាក់អន្ទាក់ បរបាញ់ និងមិនបរិភោគសាច់សត្វព្រៃនោះឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា÷ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេបានទេ ហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ យុទ្ធនាការនេះដែរមានគោលបំណងចម្បងសំខាន់ៗក្នុងការការពារធនាធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឱ្យមានការកើនឡើង។ ទប់ស្កាត់ការលក់ដូរសត្វព្រៃ ដើម្បីការពារពីការចម្លងជំងឺផ្សេងៗ បញ្ឍប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ តាមរយ:ការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់សត្វព្រៃ និងបរិស្ថាន។ អន្ទាក់គឺជាឃាតករលាក់មុខដែលបាននឹងកំពុងគំរាមកំហែងសត្វព្រៃ និងជីវ:ចម្រុះ ហើយចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណ:កើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ៕