កណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣
ដោយសម្ដែងនូវប្រតិកម្មចំពោះគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គឺជានយោបាយមិនទទួលបានការគាំទ្រ ពីប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងឡាវនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែលមកពីរោងចក្រសហគ្រាសចំនួន១៩ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
សម្ដេចតេជោ ហ៊ុន សែន មានបប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែយករឿងមួយ តែសូមឱ្យតាមដានដោយមានការយកចិត្តទុកដាក់ ក្នុងអនុសាសន៍ទី១០ ទាក់ទងពលករនៅក្រៅប្រទេស មិនទាន់បានអីផងនៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវ ទៅហើយ។ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតនៅថៃ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ ក៏ប៉ុន្តែសង្ឃឹមថា អ្នកនឹងមើលឱ្យឆ្ងាយជាងពីប្រទេសថៃ»។ សម្ដេចតេជោបន្តថា អ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែមិនប្រាកដថាអ្នកក្លាយទៅជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែអ្នកបានដាក់ចេញនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់មិនមែនគ្រាន់តែសេដ្ឋកិច្ច ឬគ្រាន់តែពលករខ្មែរ និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា យើងត្រូវតាមដានឱ្យហ្មត់ចត់ ដើម្បីធានាដល់ពលកររបស់យើង ធ្វើការក្នុងប្រទេសថៃ ដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានបង្កលក្ខណៈពីកម្មករមិនស្របច្បាប់ ឱ្យទៅជាកម្មករស្របច្បាប់។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា កម្ពុជាក៏មិនមានអ្វីទេ តែគ្រាន់តែផ្ដាំផ្ញើថា គួរប្រុងប្រយ័ត្ន សម្ដេចមិនប្រដៅអ្នកនយោបាយថៃទេ។ នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជានោះទេ។ អ្នកនយោបាយថៃ គួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តន៍នយោបាយរបស់ខ្លួននេះ។ សម្ដេចតេជោលើកឡើងថា កម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ ក៏ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើង ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចតេជោក៏បានរម្លឹកពីអនុសាសន៍ទី១០ ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុច ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមានប្រមាណ១លាន២សែននាក់ ក្នុងចំណោមពលករនៅក្រៅប្រទេសប្រមាណ១លាន៣សែននាក់៕