សៀមរាប ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣--
ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះធ្វើទស្សនកិច្ច ដើម្បីត្រួតពិនិត្យតាម ការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ។
ក្រុមអ្នកជំនាញការអន្ដរជាតិ ដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើលការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។
សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល ប្រមាណមួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើន ក្នុងតំបន់រមណីយដ្ឋានអង្គរ ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ របស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕