ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣
ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំ អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុង អន្តរឃុំមួយខ្សែ ស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់គណៈកម្មការសាងសង់បានឱ្យដឹងថា ផ្លូវបេតុងអន្តរឃុំ មួយខ្សែនេះ ឆ្លងកាត់ឃុំចំនួនពីរមានដូចជា ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ២ ៥៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ដែលជាគម្រោង អភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជំរុញការអភិវឌ្ឍទៅដល់ឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។ កន្លងមករដ្ឋបាលខេត្តបានជំរុញការអភិវឌ្ឍឱ្យទៅដល់មូលដ្ឋានឃុំ សង្កាត់នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយើងបានធ្វើការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ ដោយក្នុងមួយឃុំ សង្កាត់ឱ្យទទួលបានមួយគម្រោងសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន សម្រាប់ឆ្នាំ២០២៣ និងបន្តធ្វើការអភិវឌ្ឍផ្លូវបេតុងបន្ថែមទៀតនៅបណ្តាឆ្នាំខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងទាំងពីរឃុំនេះ បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត និងជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋរបស់ យើងបានប្រើប្រាស់ជាសម្បត្តិសាធារណនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងទទួលបាន សមិទ្ធផល ថ្មីនេះ សូមបងប្អូនដែលនៅអមសងខាងផ្លូវបេតុងនេះ ត្រូវចូលរួមថែរក្សា ការពារផ្លូវបេតុង នេះឱ្យបានគង់វង្សក្នុងការប្រើប្រាស់បានយូរអង្វែង ផ្លូវបេតុងនេះ វាជួយសម្រួលចរាចរណ៍ ដឹកជញ្ជូនកសិផល និងសម្រួលឱ្យកូនចៅរបស់យើងមានផ្លូវល្អងាយស្រួលធ្វើដំណើរ ទៅកាន់សាលារៀន និងទីកាន់ទីប្រជុំជននានាក្នុងស្រុកព្រៃនប់ និងមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវរៀបចំ ត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់គ្នាកុំបីខាននៅតាមទីតាំងសាលារៀនដែលនៅជិតផ្ទះ។
ដោយឡែក លោកស្រី នី កាវ៉ា អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្តែងការសាទរ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានជួយសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជា ពលរដ្ឋពីរឃុំកាន់តែមានភាពងាយស្រួល កាលពីមុនផ្លូវនេះជាផ្លូវដីមានទំហំតូច ពិបាកក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា តែពេលនេះប្រជាជនឃុំអូរជ្រៅ ក៏ដូចជាឃុំបឹង តាព្រហ្ម ទទួលបានផ្លូវបេតុងតភ្ជាប់គ្នាជាចំណងដៃ មិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពល រដ្ឋនៅតាម ជនបទឱ្យមានផ្លូវល្អស្អាតដូចនៅទីប្រជុំជនទីក្រុង និងស័ក្តិសមជាខេត្តដែលបានទាក់ទាញ ភ្ញៀវទេសចរនៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា៕